ព្រះត្រៃបិដក ភាគ ៥៩
[៨១៦] (អធម្មទេវបុត្រ...) ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នកដោយសេចក្តីអង្វរ មិនត្រូវឲ្យដោយពាក្យសមគួរ មិនត្រូវឲ្យព្រោះខ្ញុំគួរបានផ្លូវ យើងទាំងពីរនាក់ ចូរច្បាំងគ្នាក្នុងថ្ងៃនេះ អ្នកណាឈ្នះក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ។
[៨១៧] (ធម្មទេវបុត្រ...) មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បីល្បាញសព្វទិស មានកំឡាំងច្រើន មានយសរាប់មិនអស់ មិនមានអ្នកណាផ្ទឹមបាន មានសភាពជាអ្នកប្រកបដោយគុណគ្រប់យ៉ាង អ្នកនឹងឈ្នះ (ខ្ញុំ) ដូចម្តេចបាន។
[៨១៨] (អធម្មទេវបុត្រ...) គេតែងដំមាសដោយដែក គេមិនដែលដំដែកដោយមាសទេ បើអធម្មៈ ដំធម្មៈក្នុងថ្ងៃនេះ ដូចជាដែកដំមាស បុគ្គលគួរមើលដែរ។
[៨១៩] (ធម្មទេវបុត្រ...) ម្នាលអធម្មៈ បើអ្នកមានកំឡាំងនឹងច្បាំង បុគ្គលចាស់ និងបុគ្គលជាគ្រូ មិនមានដល់អ្នក ខ្ញុំនឹងឲ្យនូវផ្លូវដល់អ្នក ដោយពាក្យជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ផង ខ្ញុំនឹងអត់ទ្រាំនូវពាក្យទ្រគោះបោះបោករបស់អ្នកផង។
ID: 636868129437130504
ទៅកាន់ទំព័រ៖