ព្រះត្រៃបិដក ភាគ ៥៩
[៩១៧] តែសូមព្រះអង្គកាត់ត្រង់ចុង និងកណ្តាល (មុន) រួចកាត់ត្រង់គល់ ក្នុងកាលជាខាងក្រោយ កាលបើខ្ញុំត្រូវព្រះអង្គកាត់យ៉ាងនេះ សេចក្តីស្លាប់ មិនគប្បីជាទុក្ខទេ។
[៩១៨] (ព្រះរាជា...) ដូចយ៉ាងបុគ្គលកាត់ដៃ និងជើងផង ត្រចៀក និងច្រមុះផង ឲ្យស្លាប់បាត់ជីវិត តពីនោះ គេកាត់នូវក្បាលក្នុងកាលខាងក្រោយ សេចក្តីស្លាប់នោះ ក៏ជាទុក្ខដែរ។
[៩១៩] ម្នាលភទ្ទសាលព្រឹក្ស ជាម្ចាស់នៃព្រៃ ការកាត់ជាកំណាត់ស្រួលឬ ព្រោះហេតុអ្វី ប្រារព្ធហេតុអ្វី បានជាអ្នកចង់ឲ្យគេកាត់ជាកំណាត់។
[៩២០] (ទេវរាជ...) បពិត្រមហារាជ ខ្ញុំចង់ឲ្យគេកាត់ជាកំណាត់ ព្រោះអាស្រ័យហេតុដែលប្រកបដោយហេតុណា សូមព្រះអង្គទ្រង់ស្តាប់នូវហេតុនោះរបស់ខ្ញុំចុះ។
[៩២១] ពួកឈើជាញាតិរបស់ខ្ញុំ ចំរើនដុះដាលដោយសេចក្តីសុខ កើតក្នុងទីមិនមានខ្យល់ នៅជិតខាងខ្ញុំ (កាលបើទ្រង់កាប់រំលំខ្ញុំ) ខ្ញុំមុខជានឹងរលំសង្កត់ពួកឈើជាញាតិនោះ សេចក្តីទុក្ខនឹងកើតមានដល់ពួកឈើជាញាតិដទៃទៀត។
[៩២២] (ព្រះរាជា....) ម្នាលភទ្ទសាលព្រឹក្ស ជាម្ចាស់នៃព្រៃ អ្នកគិតនូវហេតុដែលមានសភាពគួរគិត អ្នកជាឈើប្រាថ្នានូវប្រយោជន៍ដល់ពួកឈើជាញាតិ ម្នាលសំឡាញ់ ខ្ញុំឲ្យអភ័យដល់អ្នក។
ចប់ ភទ្ទសាលជាតក ទី២។
ID: 636868137316081155
ទៅកាន់ទំព័រ៖