ព្រះត្រៃបិដក ភាគ ៥៩
[៩៤១] បុរសនោះ មិនក្តៅក្រហាយដោយកាមទាំងឡាយ (នេះ) ជាអំពើដ៏ប្រសើរ របស់ពួកជនអ្នកឆ្អែតដោយប្រាជ្ញា តណ្ហាមិនធ្វើបុរសដែលឆ្អែតដោយប្រាជ្ញា ឲ្យលុះក្នុងអំណាចបានទើ្បយ។
[៩៤២] សូមព្រះអង្គកំចាត់បង់នូវកាមទាំងឡាយចេញ បុរសអ្នកមានប្រាជ្ញាប៉ុនសមុទ្រ អ្នកមានសេចក្តីប្រាថ្នាតិច អ្នកមិនលោភលន់ បុរសនោះ រមែងមិនក្តៅក្រហាយដោយកាមទាំងឡាយ។
[៩៤៣] បុគ្គលលះបង់នូវចំណែកនៃកាមទាំងឡាយណា ៗ សេចក្តីសុខក៏សម្រេច (ដល់បុគ្គលនោះ) ព្រោះចំណៃកនៃកាមទាំងឡាយនោះ ៗ ដូចជាងស្បែក កាលកាត់ស្បែកជើង (តែងចៀរនូវចំនៀរ) នៃស្បែកចោល (ក៏បាននូវថ្លៃស្បែកជើង ឈ្មោះថា ជាអ្នកបានសេចក្តីសុខ) បើបុគ្គលប្រាថ្នានូវសេចក្តីសុខគ្រប់យ៉ាង ត្រូវលះកាមទាំងអស់ចេញ។
[៩៤៤] (ព្រះរាជា ទ្រង់ត្រាស់ថា) គាថាទាំងអស់ ៨ ដែលអ្នកពោលហើយ គួរដល់ថ្លៃ ១.០០០ កហាបណៈ ម្នាលមហាព្រហ្ម អ្នកចូរទទួលយក (នូវកហាបណៈទាំងនេះ) ចុះ ភាសិតរបស់អ្នកនេះ ប្រពៃណាស់។
[៩៤៥] (ព្រះមហាសត្វ...) ខ្ញុំព្រះអង្គមិនត្រូវការដោយកហាបណៈទាំងរយ ទាំងពាន់ ទាំងហ្មឺនទេ កាលដែលខ្ញុំព្រះអង្គកំពុងពោលគាថាខាងចុង ចិត្តរបស់ខ្ញុំព្រះអង្គ មិនត្រេកអរក្នុងកាមឡើយ។
ID: 636868139321575862
ទៅកាន់ទំព័រ៖