ព្រះត្រៃបិដក ភាគ ៥៩
[១០១៦] បណ្ឌិតឃើញ ឬឮ ហើយស្គាល់ថា ជាអមិត្របាន ដោយអាការទាំង ១៦ នេះ ដែលដំកល់នៅក្នុងអមិត្រដោយប្រការៈដូច្នេះ។
[១០១៧] (ព្រះបាទព្រហ្មទត្ត...) បណ្ឌិតអ្នកមានប្រាជ្ញា ឃើញ ឬឮពួកជន កំពុងធ្វើការងារអ្វី ៗ គប្បីដឹងថា ជាមិត្របាន តើវិញ្ញុជន គប្បីព្យាយាមដូចម្តេច។
[១០១៨] (មហាសត្វ...) បុគ្គលជាមិត្រ តែងនឹករលឹកដល់មិត្រដែលនៅបែកគ្នា ១ ត្រេកអរនឹងមិត្រដែលមកដល់ ១ ជាអ្នករាប់អានចំពោះមិត្រនោះ ១ ទទួលរីករាយដោយវាចា ១។
[១០១៩] គប់រកនឹងពួកមិត្ររបស់មិត្រនោះ ១ មិនសេពគប់នឹងពួកអមិត្ររបស់មិត្រនោះ ១ ហាមឃាត់នូវពួកអ្នកជេរ ១ សរសើរពួកជនដែលនិយាយសរសើរ ១។
[១០២០] ប្រាប់សេចក្តីកំបាំងដល់មិត្រនោះ ១ បិទបាំងសេចក្តីកំបាំងរបស់មិត្រនោះ ១ សរសើរការងាររបស់មិត្រនោះ ១ សរសើរប្រាជ្ញារបស់មិត្រនោះ ១។
[១០២១] ត្រេកអរនឹងសេចក្តីចំរើនរបស់មិត្រនោះ ១ មិនត្រេកអរនឹងសេចក្តីវិនាសរបស់មិត្រនោះ ១ បានភោជនចំឡែក តែងនឹកនាដល់មិត្រនោះ ១ អនុគ្រោះមិត្រនោះអំពីរបស់នោះថា ឱមិត្រនោះ គប្បីបានរបស់នេះខ្លះ ១។
ID: 636868147968580443
ទៅកាន់ទំព័រ៖