ព្រះត្រៃបិដក ភាគ ៥៩
[១០៦១] (រាជហង្ស...) បពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើនក្នុងដែន កាលបើយើងនៅយ៉ាងនេះ សេចក្តីអន្តរាយនឹងមិនមានដល់ព្រះអង្គ ទាំងដល់ទូលព្រះបង្គំជាខ្ញុំ សូមឲ្យយើងបានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃ និងយប់។
ចប់ ជវនហំសជាតក ទី៣។
ចុល្លនារទកស្សបជាតក ទី៤
[១០៦២] (តាបសពោធិសត្វ សួរថា) អុស កូនឯងមិនពុះ ទឹក កូនឯងមិនដង ភ្លើង ក៏កូនឯងមិនបង្កាត់ កូនឯងជាមនុស្សល្ងង់ខ្លៅឬ បានជានៅសញ្ជប់សញ្ជឹង។
[១០៦៣] (តាបសកុមារ តបថា) ខ្ញុំមិនអាចនៅក្នុងព្រៃបានទេ បពិត្រកស្សបៈ ខ្ញុំសូមលាលោក ការនៅក្នុងព្រៃពិបាក ខ្ញុំចង់ទៅដែនវិញ។
[១០៦៤] ខ្ញុំចេញទៅពីព្រៃនេះ ហើយនៅក្នុងជនបទណា បពិត្រតាបសដ៏ប្រសើរ បុគ្គលគប្បីសិក្សាឫកពាយ៉ាងណា សូមព្រះបិតាប្រៀនប្រដៅទំនៀមទម្លាប់នោះ ដល់ខ្ញុំ។
[១០៦៥] (តាបស...) បើបាឯងលះបង់ព្រៃ និងមើមឈើ ផ្លែឈើ ហើយពេញចិត្តនឹងការនៅក្នុងដែនវិញ បាឯងចូរស្តាប់ទំនៀមទម្លាប់នោះ របស់អញ។
ID: 636868152172170874
ទៅកាន់ទំព័រ៖