ព្រះត្រៃបិដក ភាគ ៥៩
[១០៦៦] បាឯង ចូរកុំសេពថ្នាំពិស ចូរចៀសវាងអណ្តូង កុំឲ្យលិចទៅក្នុងភក់ឡើយ ចូរប្រព្រឹត្តប្រយ័ត្ននឹងពួកអាសីពិស។
[១០៦៧] (តាបសកុមារ...) អ្វីជាថ្នាំពិស ជាអណ្តូង ជាភក់ របស់អ្នកប្រព្រឹត្តព្រហ្មចរិយធម៌ លោកពោលនូវអ្វីថា ជាអាសីពិស ខ្ញុំសួរហើយ សូមលោកប្រាប់រឿងនោះ ដល់ខ្ញុំ។
[១០៦៨] (តាបសពោធិសត្វ...) នែបា គ្រឿងត្រាំក្នុងលោក គេហៅថា ស្រា ជារបស់ពេញចិត្ត ជារបស់ឈ្ងុយឈ្ងប់ ឆ្ងាញ់ពិសា មានឧបមាដូចរសផ្អែមតូចមួយ ម្នាលនារទៈ ព្រះអរិយទាំងឡាយ បានពោលថា ស្រានោះ ជាថ្នាំពិសរបស់បុគ្គលអ្នកប្រព្រឹត្តព្រហ្មចារ្យ។
[១០៦៩] នែបា ស្ត្រីទាំងឡាយក្នុងលោក រមែងញាំញីនូវបុរសដែលស្រវឹងហើយ ពួកស្ត្រីទាំងនោះ តែងផ្សាយចិត្តទៅរកប្រុសកំលោះ ដូចជាខ្យល់ផាត់នូវប៉ុយគរ ដែលជ្រុះអំពីដើម ម្នាលនារទៈ នោះហើយ ដែលលោកហៅថា អណ្តូងរបស់អ្នកប្រព្រឹត្តព្រហ្មចារ្យ។
[១០៧០] លាភ សេចក្តីសរសើរ សក្ការៈ និងការបូជាក្នុងត្រកូលអ្នកដទៃ ម្នាលនារទៈ នោះឯងដែលលោកហៅថា ភក់ល្បាប់របស់អ្នកប្រព្រឹត្តព្រហ្មចារ្យ។
ID: 636868152529161293
ទៅកាន់ទំព័រ៖