ព្រះត្រៃបិដក ភាគ ៥៩
[១១១៥] (អកិត្តិ....) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គនឹងប្រទានពរដល់អាត្មា អាត្មាសូមឲ្យជួបប្រទះអ្នកប្រាជ្ញ សូមឲ្យស្តាប់អ្នកប្រាជ្ញ សូមឲ្យនៅរួមជាមួយនឹងអ្នកប្រាជ្ញ សូមឲ្យបានធ្វើ ទាំងសូមឲ្យបានចូលចិត្ត នឹងការចរចាទៅមក ជាមួយនឹងអ្នកប្រាជ្ញនោះ។
[១១១៦] (សក្កៈ....) អ្នកប្រាជ្ញបានធ្វើប្រយោជន៍អ្វីដល់លោក បពិត្រកស្សបៈ សូមលោកប្រាប់ហេតុ បពិត្រកស្សបៈ ហេតុអ្វីបានជាលោកចង់ជួបប្រទះអ្នកប្រាជ្ញ។
[១១១៧] (អកិត្តិ....) អ្នកប្រាជ្ញ រមែងណែនាំនូវហេតុ ដែលគួរដឹកនាំ រមែងមិនប្រកបក្នុងកិច្ច ដែលមិនមែនជាធុរៈ ការដឹកនាំល្អ ជាការប្រសើរ (របស់អ្នកប្រាជ្ញនោះ) អ្នកប្រាជ្ញ បើគេនិយាយត្រូវហើយ រមែងមិនក្រោធ អ្នកប្រាជ្ញនោះ រមែងចេះដឹងច្បាប់ ការសេពគប់ជាមួយនឹងអ្នកប្រាជ្ញនោះ ជាការប្រពៃ។
[១១១៨] (សក្កៈ....) សុភាសិតដ៏សមគួរនេះ លោកបានពោលល្អហើយ បពិត្រកស្សបៈ លោកមានចិត្តប្រាថ្នាពរណា ខ្ញុំនឹងប្រគេនពរនោះ ដល់លោក។
ID: 636868157218899531
ទៅកាន់ទំព័រ៖