ព្រះត្រៃបិដក ភាគ ៥៩
[១១៤១] (ព្រះរាជា....) នែសំឡាញ់ បុរសជាអ្នកប្រព្រឹត្តអំពើលាមកនុ៎ះ ឋិតនៅអំពីចម្ងាយ បុរសនោះ បានប្រាប់ដំណើរនេះដល់យើងថា ម្រឹគនុ៎ះ ឋិតនៅក្នុងទីនុ៎ះ។
[១១៤២] (ប្រើសមាសពោធិសត្វ...) បានឮមកថា នរជនពួកខ្លះ ក្នុងលោកនេះ បានពោលពាក្យពិតយ៉ាងនេះថា កំណាត់ឈើដែលគេស្រង់ឡើង ប្រសើរជាង ឯនរជនពួកខ្លះ ដែលគេស្រង់ឡើង មិនប្រសើរទេ។
[១១៤៣] (ព្រះរាជា...) ម្នាលម្រឹគ អ្នកតិះដៀលម្រឹគទាំងឡាយ ឬបក្សីទាំងឡាយ ឬក៏មនុស្សទាំងឡាយ យើងមានភ័យច្រើន ព្រោះតែឮអ្នកនិយាយជាភាសាមនុស្ស។
[១១៤៤] (ប្រើសមាស...) ខ្ញុំបានស្រង់មនុស្សណា ដែលរសាត់ទៅក្នុងផ្លូវទឹក មានទឹកច្រើន ទឹកជ្រៅ មានខ្សែទឹកហូររហ័ស (ឥឡូវ) ភ័យមានមកដល់ទូលព្រះបង្គំជាខ្ញុំហើយ ព្រោះហេតុតែស្រង់មនុស្សនោះ បពិត្រមហារាជ ការរួបរួមនឹងអសប្បុរសតែងនាំមកនូវសេចក្តីទុក្ខ។
ID: 636868159574114241
ទៅកាន់ទំព័រ៖