ព្រះត្រៃបិដក ភាគ ៥៩
[១១៥៧] ហេតុដែលយើងមិនបានគិត ក៏ប្រែជាមាន ហេតុដែលយើងបានគិតហើយ ក៏ប្រែជាវិនាសទៅវិញ ភោគៈទាំងឡាយ របស់ស្ត្រីក្តី របស់បុរសក្តី មិនមែនសម្រេចមកពីការគិតឡើយ។
[១១៥៨] (បុរោហិត ក្រាបបង្គំទូលថា) ពីដើម ព្រះអង្គជាប់តាមសរភម្រឹគ ក្នុងដងភ្នំ ព្រះអង្គបានរស់រួចព្រះជន្ម ដោយសារសេចក្តីព្យាយាមរបស់សរភម្រឹគ ដែលមានចិត្តមិនរួញរា។
[១១៥៩] សរភម្រឹគណា ធ្វើនូវការប្រតោងថ្ម បានស្រង់ព្រះអង្គឡើងអំពីរណ្តៅ ដែលមិនងាយឡើងរួច ហើយបានដោះព្រះអង្គ ដែលដល់នូវសេចក្តីទុក្ខ ឲ្យរួចពីមាត់សេចក្តីសា្លប់ ព្រះអង្គពណ៌នាសរសើរសរភម្រឹគ ដែលជាសត្វមានចិត្តមិនរួញរានោះឯង។
[១១៦០] (ព្រះរាជា...) ក្នុងពេលនោះ អ្នកឯងបាននៅក្នុងទីនោះដែរឬ ឬនរណាមួយប្រាប់ដំណើរនោះដល់អ្នក ឬក៏អ្នកជាបុគ្គលមានដម្បូល គឺកិលេសបើកហើយ ជាអ្នកឃើញហេតុសព្វ ម្នាលព្រាហ្មណ៍ អ្នកមានញាណដ៏មានកំឡាំងក្លៀវក្លាឬ។
[១១៦១] (បុរោហិត...) ក្នុងពេលនោះ ទូលព្រះបង្គំជាខ្ញុំ មិនបាននៅក្នុងព្រៃនោះទេ ទាំងគ្មាននរណាមួយ ប្រាប់ដំណើរនោះដល់ទូលបង្គំជាខ្ញុំឡើយ បពិត្រព្រះជនិន្ទ អ្នកប្រាជ្ញទាំងឡាយ តែងពិចារណាសេចក្តីនៃបទនៃគាថា និងសុភាសិតទាំងឡាយនោះ។
ID: 636868160848157112
ទៅកាន់ទំព័រ៖