ព្រះត្រៃបិដក ភាគ ៥៩
ហលិទ្ទរាគជាតក ទី៩
[៥៨១] (នាងកុមារិកា និយាយនឹងតាបសកុមារថា) ការដែលលោកអត់ទ្រាំក្នុងព្រៃ ជាសេនាសនៈដ៏ស្ងាត់ ជាការប្រពៃហើយ តែថាពួកជនណា អត់ទ្រាំនៅក្នុងស្រុក ពួកជននោះ ឈ្មោះថា ប្រសើរលើសលុបជាងលោកទៅទៀត។
[៥៨២] (តាបសកុមារ សួរតាបសពោធិសត្វជាបិតាថា) បពិត្របិតា លុះដល់ខ្ញុំចេញអំពីព្រៃមកកាន់ស្រុក តើគួរសេពគប់បុរសមានសីលដូចមេ្តច មានវត្តដូចម្តេច ខ្ញុំសួរហើយ សូមបិតាប្រាប់ហេតុនោះ។
[៥៨៣] (តាបសពោធិសត្វ...) នែបា បើបុគ្គលណាស្និទ្ធស្នាលនឹងអ្នក ថែមទាំងគាប់ចិត្តនឹងសេចក្តីស្និទ្ធស្នាលរបស់អ្នក ហើយស្តាប់បង្គាប់ និងអត់ទ្រាំ (នូវពាក្យសំដី) អ្នកចេញអំពីព្រៃនេះទៅ ចូរសេពគប់បុគ្គលនោះចុះ។
[៥៨៤] បុគ្គលណាមិនមានអំពើអាក្រក់ ដោយកាយវាចាចិត្ត អ្នកចេញអំពីព្រៃនេះទៅ ចូរតាំងខ្លួនដូចជាកូន ហើយសេពគប់បុគ្គលនោះចុះ។
[៥៨៥] មួយទៀត បុគ្គលណាប្រព្រឹត្តតាមធម៌ ទោះបីកំពុងប្រព្រឹត្ត ក៏មិនប្រកាន់ខ្លួន លុះដល់អ្នកចេញអំពីព្រៃនេះទៅ ចូរសេពគប់នូវបុគ្គលដែលជាអ្នកធ្វើអំពើដ៏បរិសុទ្ធ ប្រកបដោយប្រាជ្ញានោះចុះ។
ID: 636868109036533657
ទៅកាន់ទំព័រ៖