ព្រះត្រៃបិដក ភាគ ៥៩
កណ្ហជាតក ទី២
[៦២៧] (សក្កទេវរាជ ពោលថា) ឱហ្ន៎ បុរសនេះ មានសម្បុរខ្មៅ បរិភោគភោជនខ្មៅ នៅក្នុងភូមិប្រទេសក៏ខ្មៅ មិនជាទីពេញចិត្តរបស់យើងឡើយ។
[៦២៨] (កណ្ហឥសីពោធិសត្វ ពោលថា) ម្នាលសុជម្បតិ មនុស្សមិនឈ្មោះថាខ្មៅ ដោយតបធម៌ទេ ព្រោះថា មនុស្សមានធម៌ជាខ្លឹមខាងក្នុង ឈ្មោះថាជាព្រាហ្មណ៍ ឯបាបកម្មមាននៅក្នុងមនុស្សណា មនុស្សនោះឯង ឈ្មោះថាខ្មៅ។
[៦២៩] (សក្កទេវរាជ...) ពាក្យនោះ អ្នកពោលល្អហើយ ជាសុភាសិតដ៏គួរ លោកប្រាថ្នាក្នុងចិត្តចំពោះពរណាមួយ ខ្ញុំនឹងឲ្យពរ (នោះ) ដល់លោក។
[៦៣០] (កណ្ហឥសី...) បពិត្រសក្កៈជាធំជាងពួកភូតទាំងពួង បើព្រះអង្គនឹងឲ្យពរដល់អាត្មា អាត្មាប្រាថ្នានូវសេចក្តីប្រព្រឹត្តចំពោះខ្លួន គឺការមិនមានកោធៈ ១ មិនមានទោសៈ ១ មិនមានលោភៈ ១ មិនមានស្នេហា ១ សូមព្រះអង្គឲ្យនូវពរ ៤ នេះដល់អាត្មា។
[៦៣១] (សក្កទេវរាជ....) បពិត្រព្រាហ្មណ៍ លោកពិចារណាឃើញច្បាស់នូវទោសដូចម្តេច ក្នុងកោធៈ ទោសៈ លោភៈ និងស្នេហា ខ្ញុំសួរហើយ លោកចូរប្រាប់ហេតុនោះ។
ID: 636868113419914372
ទៅកាន់ទំព័រ៖