ព្រះត្រៃបិដក ភាគ ៥៩
[៨៨២] ពួកមហាមាត្យ ពួកមន្ត្រី ពួកអ្នកបម្រើរបស់ខ្ញុំមាន ពួកជនបានចាត់ចែងនូវសាច់ និងទឹកសុរាដ៏ច្រើន ក្នុងក្រុងពារាណសី។
[៨៨៣] មួយទៀត សូម្បីពួកពាណិជ ដែលមកអំពីដែនផ្សេង ៗ ក៏សម្បូណ៌ ខ្ញុំបានចាត់ចែងការរក្សា ចំពោះពួកពាណិជទាំងនោះ បពិត្រឧបោសថជាបង សូមព្រះបង ជ្រាបយ៉ាងនេះចុះ។
[៨៨៤] (ឧបោសថកុមារ....) បពិត្រព្រះបាទសំវរៈ ឮថាព្រះអង្គ (គ្របសង្កត់អានុភាព) របស់ពួកញាតិ (បង ៩៩ ព្រះអង្គ) ដោយធម៌ សូមព្រះអង្គសោយរាជ្យចុះ ព្រះអង្គជាអ្នកមានប្រាជ្ញាផង ជាបណ្ឌិតផង ទាំងជាប្រយោជន៍ដល់ពួកញាតិផង។
[៨៨៥] ពួកសត្រូវ មិនអាចគ្របសង្កត់ព្រះអង្គ ដែលពួកញាតិចោមរោមហើយ ជាអ្នកកុះករដោយរតនវត្ថុផ្សេង ៗ ដូចជាសេ្តចអសុរ មិនអាចគ្របសង្កត់ព្រះឥន្ទ្រ ដូច្នោះដែរ។
ចប់ សំវរជាតក ទី៨។
សុប្បារកជាតក ទី៩
[៨៨៦] (ពួកពាណិជ បានពោលថា) មនុស្សទាំងឡាយ មានច្រមុះដូចកាំបិតកោរ ងើបមុជ (ក្នុងសមុទ្រនេះ) ពួកយើង សូមសួរលោកឈ្មោះសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។
ID: 636868134499660064
ទៅកាន់ទំព័រ៖