ព្រះត្រៃបិដក ភាគ ០៦
ដ៏មានអាយុនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧរុវេលកស្សបដ៏មានអាយុថា បពិត្រកស្សប អំពើនេះប្រសើរឬអ្វីហ្ន៎។ ឧរុវេលកស្សបប្រាប់ថា អើអ្នកដ៏មានអាយុទាំងឡាយ អំពើនេះប្រសើរហើយ។ កាលនោះ ពួកជដិលទាំងនោះ បណ្តែតទៅនូវគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿងបូជាភ្លើង ទៅក្នុងទឹក ហើយចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក្រាបក្បាលទៀបព្រះបាទាព្រះដ៏មានព្រះភាគ ហើយបានពោលនូវពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមកចុះ ទើបត្រាស់ថា សាសនធម៌ តថាគតពោលហើយដោយប្រពៃ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខដោយប្រពៃចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងនោះ។
[៥៤] ឧសប្រាំរយកំណាត់មិនបែក ក៏ត្រឡប់ទៅជាបែក ភ្លើងមិនឆេះ ក៏ត្រឡប់ទៅជាឆេះ ភ្លើងមិនរលត់ ក៏ត្រឡប់ទៅជារលត់ ដោយអធិដ្ឋានរបស់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់និម្មិតចង្ក្រានទាំងឡាយចំនួន៥០០។ បាដិហារ្យចំនួនបីពាន់ប្រាំរយ ក៏មានដោយន័យនេះឯង។
ID: 636793553903721081
ទៅកាន់ទំព័រ៖