ព្រះត្រៃបិដក ភាគ ០៦
ពុំនោះ ដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំងទុក ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ឬក៏ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ នឹងបានមើលឃើញនូវរូបទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះដ៏មានព្រះភាគជាម្ចាស់ ជ្រាបនូវខ្ញុំព្រះអង្គថាជាឧបាសក ដល់នូវសរណគមន៍ស្មើដោយជីវិត ចាប់តាំងតែអំពីថ្ងៃនេះជាដើមទៅ មិនតែប៉ុណ្ណោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគជាម្ចាស់ ព្រមទាំងភិក្ខុសង្ឃទទួលភត្តរបស់ខ្ញុំព្រះអង្គដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ជ្រាបថា ព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណ ចៀសចេញទៅ។
[៦០] លំដាប់នោះ ព្រះបាទមាគធសេនិយពិម្ពិសារ លុះរាត្រីនោះកន្លងទៅហើយ (ភ្លឺឡើង) ព្រះអង្គក៏ទ្រង់ឲ្យចាត់ចែងខាទនីយភោជនីយាហារដ៏ឧត្តមរួចហើយ ទ្រង់ចាត់ឲ្យមនុស្សទៅក្រាបទូលនូវកាលនៃភត្តដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តាហារសម្រេចហើយ។ ឯព្រះដ៏មានព្រះភាគ ទ្រង់ស្លៀក
ID: 636793557965533404
ទៅកាន់ទំព័រ៖