ព្រះត្រៃបិដក ភាគ ០៦
ព្រះដ៏មានព្រះភាគនោះ ទ្រង់មានអរិយវាស១០យ៉ាង(១) ទ្រង់មានកំលាំង១០(២) ព្រះអង្គជ្រាបច្បាស់នូវធម៌ (គឺកម្មបថ)១០ ប្រការ ទ្រង់ប្រកបដោយអង្គជារបស់នៃអសេខបុគ្គល១០យ៉ាង(៣) មានភិក្ខុសង្ឃ១ពាន់ជាបរិវារ ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ។
[៦២] ពួកមនុស្សឃើញសក្កទេវរាជ ជាធំជាងទេវតា និងមនុស្សទាំងឡាយហើយ ពោលយ៉ាងនេះថា ឱហ្ន៎ មាណពនេះ មានរូបល្អអីម្ល៉េះ ឱហ្ន៎ មាណពនេះមានរូបគួរពិតពិលរមិលមើល ឱហ្ន៎ មាណពនេះគួរជាទីជ្រះថ្លា មាណពនេះឯងជាកូនចៅអ្នកណាហ្ន៎។ លុះពួកមនុស្សពោលពាក្យយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ ក៏បានពោលតបទៅនឹងពួកមនុស្សនោះវិញដោយគាថា ថា
(១) វិមតិវិនោទនីដីកាថា លះនីវរណធម៌ប្រាំ១ ឆឡង្គុបេក្ខា១ ដំកល់ស្មារតីដោយខ្ជាប់ខ្ជួន១ អបស្សេនធម៌បួន១ លះមិច្ឆាទិដ្ឋិ១ ការមិនស្វែងរកបីយ៉ាងគឺ កាម ភព និងព្រហ្មចារ្យ១ មានសេចក្តីត្រិះរិះមិនល្អក់វិកវរ១ មានកាយសង្ខាររម្ងាប់ហើយ១ មគ្គញ្ញាណ១ ផលញ្ញាណ១។ (២) ប្រកបដោយកំលាំងកាយ១០ និងកំលាំងញាណ១០ ឯកំលាំងកាយ១០ នោះធៀបដោយកំលាំងដំរី១០ត្រកូល គឺដំរីកាឡាវកៈ១ គង្គេយ្យៈ១ បណ្ឌរៈ១ តម្ពៈ១ បិង្គលៈ១ គន្ធៈ១ មង្គល១ ហេមវត១ ឧបោសថ១ ឆទ្ទន្ត១។ កំលាំងដំរីកាឡវក១០ ស្មើនឹងកំលាំងដំរីគង្គេយ្យ១ បណ្តាដំរីទាំង១០ត្រកូលនោះ មានកំលាំងលើសគ្នា១០ៗឡើងទៅ កំលាំងដំរីឆទ្ទន្ត១០ ទើបស្មើនឹងកំលាំងព្រះពុទ្ធ១។ ឯកំលាំងញាណ១០ នោះគឺ កំលាំងសេចក្តីដឹងហេតុគួរ និងមិនគួរតាមពិត១ ដឹងកម្មនិងផលនៃកម្ម១ ដឹងបដិបទាប្រព្រឹត្តទៅក្នុងភពទាំងពួង១ ដឹងលោកដែលមានធាតុច្រើន១ ដឹងថាសត្វទាំងឡាយមានអធ្យាស្រ័យផ្សេងៗគ្នា១ ដឹងឥន្ទ្រិយរបស់សត្វដ៏ឆ្លៀវឆ្លាសនិងទន់ទាប១ ដឹងសេចក្តីសៅហ្មង និងសេចក្តីផូរផង់ និងការចេញចាកឈានវិមោក្ខសមាធិសមាបត្តិ១ ដឹងខន្ធបញ្ចកៈ ដែលអាស្រ័យនៅក្នុងកាលមុន១ ញាណ គឺចក្ខុដូចជាទិព្វ១ ដឹងសេចក្តីអស់ទៅនៃអាសវធម៌១។ (៣) គឺអដ្ឋង្គិកមគ្គ និងសម្មាញាណ និងសម្មាវិមុត្តិ។
ID: 636793559841360695
ទៅកាន់ទំព័រ៖