ព្រះត្រៃបិដក ភាគ ០៦
គឺដើរទៅដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃជើង និងលាតដៃជើង មានភ្នែកសង្រួម គួរជាទីជ្រះថ្លា លុះឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ជនទាំងឡាយណា ជាអរហន្តក្តី បានដល់ហើយនូវអរហត្តមគ្គក្តីក្នុងលោក ភិក្ខុនេះក៏ប្រហែលជាពួកនៃជនទាំងនោះដែរ បើដូច្នោះ គួរតែអញចូលទៅរកភិក្ខុនេះហើយសួរថា ម្នាលលោកដ៏មានអាយុ លោកបួសចំពោះអ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូរបស់លោក ខ្លួនលោកនេះឯងគាប់ចិត្តធម៌របស់អ្នកណា។ លំដាប់នោះ សារីបុត្តបរិព្វាជក មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះជាកាលមិនគួរដើម្បីសួរនូវភិក្ខុនេះឡើយ (ព្រោះ) ភិក្ខុនេះកំពុងចូលទៅកាន់ចន្លោះផ្ទះ ត្រាច់ទៅដើម្បីបិណ្ឌបាត បើដូច្នោះ គួរតែអញទៅតាមភិក្ខុនេះ អំពីក្រោយៗទៅចុះ ក៏ការដែលជាប់តាមភិក្ខុនេះឯង គង់ដឹងនូវមគ្គញ្ញាណដែលជនទាំងឡាយគេត្រូវការដឹង ឬភិក្ខុនេះឯង ជាអ្នកស្វែងរកនូវព្រះនិព្វានដែលជនទាំងឡាយគេត្រូវការដឹង។ ឯព្រះអស្សជិដ៏មានអាយុ ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ទទួលបិណ្ឌបាតហើយ ក៏ត្រឡប់មកវិញ។ បរិព្វាជកឈ្មោះសារីបុត្ត ក៏ចូលទៅកាន់សំណាក់ព្រះអស្សជិដ៏មានអាយុក្នុងកាលនោះ លុះចូលទៅជិតហើយ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះអស្សជិដ៏មានអាយុ ហើយពោលនូវពាក្យជាទីត្រេកអរ ជាទីរលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលបាន លុះសម្រេច
ID: 636793561236590497
ទៅកាន់ទំព័រ៖