ព្រះត្រៃបិដក ភាគ ០៦
កុលបុត្រទាំងឡាយដែលនៅក្នុងដែនមគធៈដែលមានកេរ្តិ៍ឈ្មោះ គេដឹងឮគ្រប់គ្នានេះទៀត ក៏ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះសមណគោតមដែរ។ ឯមនុស្សទាំងឡាយឃើញពួកភិក្ខុហើយ ក៏នាំគ្នាចោទដោយគាថានេះថា
មហាសមណៈ យាងមកហើយកាន់ក្រុងគិរិព្វជៈ (ភ្នំមានសណ្ឋានដូចជាក្រោល) របស់ពួកជននៅក្នុងដែនមគធៈ ព្រះអង្គនាំអស់ពួកបរិវាររបស់សញ្ជ័យទៅហើយ ឥឡូវនឹងនាំយកអ្នកណាទៅទៀតអេះ។
[៧៤] ពួកភិក្ខុបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបពួកភិក្ខុនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំឡេងនោះនឹងមិនមាននៅអស់កាលដ៏យូរទេ សំឡេងនោះនឹងមាននៅត្រឹមតែ៧ថ្ងៃ លុះកន្លង៧ថ្ងៃទៅ នឹងអន្តរធានបាត់ទៅឯង ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណា ចោទអ្នកទាំងឡាយដោយគាថានេះថា
មហាសមណៈយាងមកហើយកាន់ក្រុងគិរិព្វជៈ របស់ពួកជនក្នុងដែនមគធៈ លោកនាំទៅនូវពួកសញ្ជ័យទាំងអស់ហើយ ឥឡូវនេះនឹងនាំអ្នកណាទៅទៀតអេះ។
ID: 636793565374727185
ទៅកាន់ទំព័រ៖