ព្រះត្រៃបិដក ភាគ ០៦
ត្រាច់ទៅដើម្បីបិណ្ឌបាត កាលមនុស្សទាំងឡាយកំពុងតែបរិភោគ (ភិក្ខុទាំងនោះ) បង្អោនបាត្រសម្រាប់សុំទៅខាងលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំទៅលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើវត្ថុសម្រាប់ភ្លក់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងក្នុងរោងបាយខ្លះ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាផង មិននាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាតទៅទៀតផង ម្នាលភិក្ខុទាំងឡាយ ការនេះនាំឲ្យពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យខានជ្រះថ្លាទៅវិញផង នាំពួកជនខ្លះដែលជ្រះថ្លា ស្រាប់ហើយ ឲ្យប្រែប្រួលផ្តេសផ្តាសទៅវិញផង។
[៨០] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលភិក្ខុទាំងនោះដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃសភាពជាបុគ្គលដែលគេចិញ្ចឹមបានដោយលំបាក គេរក្សាបានដោយលំបាក សេចក្តីប្រាថ្នាធំ មិនសន្តោស សេចក្តីច្រឡូកច្រឡំដោយពួកគណៈ សេចក្តីខ្ជិល ទើបទ្រង់ពោលសរសើរគុណនៃសភាពជាបុគ្គលដែលគេចិញ្ចឹមបានដោយងាយ គេរក្សាបានដោយងាយ សេចក្តីប្រាថ្នាតិច សេចក្តីសន្តោស កំចាត់បង់នូវកិលេស ដុសខាត់ចិត្ត សេចក្តីជ្រះថ្លា មិនសន្សំនូវកិលេសវដ្តៈ
ID: 636793567296017077
ទៅកាន់ទំព័រ៖