ព្រះត្រៃបិដក ភាគ ០៦
ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើសទ្ធិវិហារិកត្រូវការទឹកត្រជាក់ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកត្រជាក់ឲ្យ បើសទ្ធិវិហារិកត្រូវការទឹកក្តៅ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកក្តៅឲ្យ។ បើសទ្ធិវិហារិកចង់ចូលទៅកាន់រោងភ្លើង ឧបជ្ឈាយ៍ត្រូវសូន្យលំអិតសម្រាប់ងូតទឹកទុក ត្រូវផ្សើមដីស្អិតទុក រួចនាំយកតាំងសម្រាប់រោងភ្លើង ហើយប្រគល់តាំងសម្រាប់រោងភ្លើងទៅសទ្ធិវិហារិក ស្រេចហើយ ទទួលយកចីវរមកទុកដាក់ដោយឡែក ហើយត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យដីស្អិតទៅសទ្ធិវិហារិក បើឧបជ្ឈាយ៍អាចនឹងចូលទៅកាន់រោងភ្លើង (ផងបាន) គប្បីចូលទៅកាន់រោងភ្លើងចុះ កាលនឹងចូលទៅកាន់រោងភ្លើង ត្រូវយកដីស្អិតលាបមុខ រួចបិទបាំងពីខាងមុខ ខាងក្រោយ ហើយសឹមចូលទៅកាន់រោងភ្លើង មិនត្រូវអង្គុយច្រៀតបៀតពួកភិក្ខុចាស់ មិនត្រូវហាមពួកភិក្ខុខ្ចីដោយអាសនៈ ឧបជ្ឈាយ៍ត្រូវធ្វើបរិកម្ម ដល់សទ្ធិវិហារិកក្នុងរោងភ្លើង កាលនឹងចេញអំពីរោងភ្លើងទៅ ត្រូវនាំយកតាំងសម្រាប់រោងភ្លើងចេញ ហើយបិទបាំងពីខាងមុខ ខាងក្រោយ រួចសឹមចេញពីរោងភ្លើង សូម្បីក្នុងទឹក ក៏ឧបជ្ឈាយ៍ត្រូវតែធ្វើបរិកម្មដល់សទ្ធិវិហារិកដែរ កាលឧបជ្ឈាយ៍ងូតរួច ត្រូវឡើងមកមុន ហើយជូតកាយនៃខ្លួនឲ្យស្ងួតទឹក ហើយសឹមស្លៀកស្បង់ រួចត្រូវជូតទឹកអំពីកាយរបស់សទ្ធិវិហារិកទៀត ហើយហុចស្បង់សម្រាប់ស្លៀក ហុចសង្ឃាដិទៅឲ្យសទ្ធិវិហារិក
ID: 636793574090085675
ទៅកាន់ទំព័រ៖