ព្រះត្រៃបិដក ភាគ ០៦

ពួក​សទ្ធិវិហារិក​សូមឲ្យ​ឧបជ្ឈាយ៍​អត់ទោស​ឲ្យបាន​។​ ​ពួក​សទ្ធិវិហារិក​ ​នៅតែ​មិនបាន​សូមឲ្យ​ឧបជ្ឈាយ៍​អត់ទោស​ឲ្យ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិវិហារិក​ដែល​ឧបជ្ឈាយ៍​បណ្តេញ​ចេញទៅ​ហើយ​ ​មិន​គួរ​នឹង​មិន​សូមឲ្យ​ឧបជ្ឈាយ៍​អត់ទោស​ឲ្យ​ទេ​ ​សទ្ធិវិហារិក​ណាមួយ​មិនបាន​សូមឲ្យ​ឧបជ្ឈាយ៍​អត់ទោស​ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​គ្រានោះ​ឯង​ ​ពួក​ឧបជ្ឈាយ៍​ ​កាលបើ​សទ្ធិវិហារិក​ទៅ​សូម​ខមាទោស​វិញ​ ​ក៏​មិនព្រម​អត់ទោស​ឲ្យ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ឧបជ្ឈាយ៍​អត់ទោស​ដល់​សទ្ធិវិហារិក​។​ ​ឧបជ្ឈាយ៍​ទាំងនោះ​ ​ក៏​មិនព្រម​អត់ទោស​ឲ្យ​ឡើយ​។​ ​ឯ​ពួក​សទ្ធិវិហារិក​រត់ចេញ​ទៅ​ខ្លះ​ ​សឹក​ចេញទៅ​ខ្លះ​ ​រត់​ចូលពួក​តិរ្ថិយ​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សទ្ធិវិហារិក​ ​មក​សូម​ខមាទោស​ ​ឧបជ្ឈាយ៍​ត្រូវតែ​អត់ទោស​ឲ្យ​ ​(​បើ​)​ ​ឧបជ្ឈាយ៍​ណាមួយ​មិន​អត់ទោស​ឲ្យ​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636793576956219609
ទៅកាន់ទំព័រ៖