ព្រះត្រៃបិដក ភាគ ០៦
ទាំងឡាយ ភិក្ខុណាហ្ន៎ អាចរលឹកឃើញអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះបាន។ កាលបើព្រះអង្គ ទ្រង់សួរយ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏បានពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ (អាច) រលឹកនូវអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះបាន។ ទ្រង់ត្រាស់សួរទៀតថា ម្នាលសារីបុត្ត អ្នកឯងរលឹកអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះបានយ៉ាងដូចម្តេច។ ព្រះសារីបុត្តទូលថា សូមទ្រង់ព្រះមេត្តាប្រោស កាលខ្ញុំព្រះអង្គទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនេះ ព្រាហ្មណ៍នោះបានប្រើគេឲ្យប្រគេនចង្ហាន់មួយវែក សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គរលឹកបាននូវអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះប៉ុណ្ណេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែសារីបុត្ត ពាក្យដែលអ្នកពោលមកនេះប្រពៃណាស់ នែសារីបុត្ត ធម្មតាពួកសប្បុរសរមែងជាអ្នកកតញ្ញូកតវេទី
(១) ពិត ម្នាលសារីបុត្ត បើដូច្នោះ ចូរអ្នកឲ្យបព្វជ្ជា និងឧបសម្បទាដល់ព្រាហ្មណ៍នោះ។ ព្រះសារីបុត្តក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងត្រូវឲ្យបព្វជ្ជា និងឧបសម្បទាដល់ព្រាហ្មណ៍នោះដូចម្តេចទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើ
(១) កតញ្ញូជាអ្នកដឹងគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន កតវេទី ជាអ្នកប្រកាសនូវឧបការគុណដែលអ្នកដទៃធ្វើហើយប្រាកដ គឺតបគុណគេ។
ID: 636793578488157231
ទៅកាន់ទំព័រ៖