ព្រះត្រៃបិដក ភាគ ០៦
មានអាយុថា ម្នាលភិក្ខុ អ្នកឯងបួសបានប៉ុន្មានវស្សាហើយ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបួសបាន២វស្សាហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់សួរថា ចុះភិក្ខុនេះ បួសបានប៉ុន្មានវស្សាហើយ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុនេះបួសបាន១វស្សាហើយ។ ព្រះដ៏មានព្រះភាគទ្រង់សួរថា ភិក្ខុនេះត្រូវជាអ្វីនឹងអ្នក។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ត្រូវជាសទ្ធិវិហារិករបស់ខ្ញុំព្រះអង្គ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា នែមោឃបុរស អំពើនេះ មិនទំនង មិនសមបែប មិនសមគួរ មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែមោឃបុរស អ្នកគួរតែឲ្យភិក្ខុដទៃទូន្មានប្រៀនប្រដៅ ម្តេចឡើយ ក៏តាំងចិត្តទូន្មានប្រៀនប្រដៅភិក្ខុដទៃវិញ នែមោឃបុរស អ្នកប្រញាប់ពេកណាស់ ព្រោះអ្នកប្រព្រឹត្ត ដើម្បីសេចក្តីល្មោភច្រើន ឯសេចក្តីល្មោភច្រើននេះ បានដល់ការចងជាពួក នែមោឃបុរស អំពើនេះ នឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹតរឹតតែជ្រះថ្លាឡើងក៏ទេ។បេ។ ព្រះអង្គទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានវស្សាថយអំពី១០ចុះមក មិនត្រូវឲ្យឧបសម្បទាដល់កុលបុត្រឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។
ID: 636793582706638514
ទៅកាន់ទំព័រ៖