ព្រះត្រៃបិដក ភាគ ០៦
ដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុជាមនុស្សពាល មិនឆ្លាស ឲ្យនិស្ស័យ (ដល់អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល... ពួកអន្តេវាសិកមានបញ្ញាក៏ប្រាកដ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ...ក៏ទ្រង់បន្ទោស លុះទ្រង់បន្ទោសរួចហើយ ទើបធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាមនុស្សពាល មិនឆ្លាស មិនត្រូវឲ្យនិស្ស័យទេ ភិក្ខុណាឲ្យ នឹងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆ្លាសប្រតិពល មានវស្សា១០ ឬមានវស្សាច្រើនជាង១០ ឡើងទៅ ឲ្យនិស្ស័យបាន។
[៩៧] សម័យនោះឯង កាលបើអាចារ្យ និងឧបជ្ឈាយ៍ទំាងឡាយចៀសចេញទៅក្តី សឹកចេញទៅក្តី ធ្វើមរណកាលទៅក្តី រត់ចូលទៅកាន់ពួកតិរ្ថិយក្តី ពួកភិក្ខុក៏មិនដឹងសេចក្តីរម្ងាប់ចាកនិស្ស័យ គឺដាច់និស្ស័យបានឡើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះឧបជ្ឈាយ៍នេះ មាន៥យ៉ាង គឺទី១ ឧបជ្ឈាយ៍ចៀសចេញទៅក្តី
ID: 636793599135958217
ទៅកាន់ទំព័រ៖