ព្រះត្រៃបិដក ភាគ ០៦
ទី២ឧបជ្ឈាយ៍សឹកចេញទៅក្តី ទី៣ឧបជ្ឈាយ៍ធ្វើមរណកាលទៅក្តី ទី៤ឧបជ្ឈាយ៍ទៅកាន់តិរ្ថិយក្តី ទី៥ឧបជ្ឈាយ៍បណ្តេញចេញក្តី ម្នាលភិក្ខុទាំងឡាយ ការដែលរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះឧបជ្ឈាយ៍មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះអាចារ្យនេះ មាន៦យ៉ាង គឺទី១ អាចារ្យចៀសចេញទៅក្តី ទី២សឹកចេញទៅក្តី ទី៣ធ្វើមរណកាលទៅក្តី ទី៤ទៅកាន់ពួកតិរ្ថិយក្តី ទី៥បណ្តេញចេញក្តី ទី៦ អាចារ្យបានទៅនៅរួបរួមជាមួយនឹងឧបជ្ឈាយ៍ក្តី ម្នាលភិក្ខុទាំងឡាយ ការដែលរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះអាចារ្យមាន៦យ៉ាងនេះឯង។
[៩៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនឡើយ គឺភិក្ខុដែលមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈ គឺជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង
ID: 636793599438075497
ទៅកាន់ទំព័រ៖