ព្រះត្រៃបិដក ភាគ ០៦

ពោធិព្រឹក្ស​ផង​ ​លុះ​ឃើញ​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ម្នាល​អាវុសោ​ ​ឥន្ទ្រិយ​ទាំងឡាយ​របស់​អ្នក​ជ្រះថ្លា​ណាស់​ ​ឆវិវណ្ណ​(​១​)​ ​របស់​អ្នក​ក៏​បរិសុទ្ធ​ផូរផង់​ ​ម្នាល​អាវុសោ​ ​អ្នកបួស​ចំពោះ​គ្រូ​ណា​ ​អ្នកណា​ជា​គ្រូ​របស់​អ្នក​ ​អ្នក​ពេញចិត្ត​នឹង​ធម៌​របស់​គ្រូ​ណា​។​ ​កាល​ឧប​កា​ជីវក​សួរ​យ៉ាងនេះ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឆ្លើយតប​ដោយ​ពាក្យជា​គាថា​ទៅ​រក​ឧប​កា​ជីវក​ថា​
​តថាគត​ជា​អ្នក​គ្រប​សង្កត់​នូវ​តេ​ភូមិក​ធម៌​ទាំងអស់​ ​ត្រាស់​ដឹង​នូវ​ចតុ​ភូមិក​ធម៌​ទាំងអស់​ ​មិន​ប្រឡាក់​ដោយ​កិលេស​ក្នុង​តេ​ភូមិក​ធម៌​ទាំងអស់​ ​បាន​លះ​ចោល​នូវ​តេ​ភូមិក​ធម៌​ទាំងអស់​ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​អស់​ទៅ​នៃ​តណ្ហា​ ​ដឹង​ច្បាស់​នូវ​ចតុ​ភូមិក​ធម៌​ដោយខ្លួនឯង​ ​(​ចាំបាច់​)​ ​ចំពោះ​បុគ្គល​ណា​។​ ​តថាគត​មិន​មាន​អាចារ្យ​ទេ​ ​មិន​មាន​បុគ្គល​ដទៃ​ស្មើនឹង​តថាគត​ឡើយ​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​នឹង​តថាគត​បាន​ឡើយ​។​ ​ព្រោះថា​ ​តថាគត​ជា​អរហន្ត​ក្នុង​លោក​ ​ជា​សាស្តា​ខ្ពស់​ផុត​ ​ជា​អ្នក​ត្រាស់​ដឹង​ដោយ​ប្រពៃ​ចំពោះខ្លួន​ឯង​ ​តថាគត​មាន​សេចក្តី​ត្រជាក់​ ​មាន​ភ្លើង​កិលេស​រលត់​ហើយ​។​

​(​១​)​ ​សម្បុរស្បែក​ ​ឬ​សម្បុរថ្ងៃ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636793420272651381
ទៅកាន់ទំព័រ៖