ព្រះត្រៃបិដក ភាគ ០៦
ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុគ្មានសទ្ធា១ មិនខ្មាសបាប១ មិនខ្លាចបាប១ ខ្ជិល១ ភ្លេចស្មារតី១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុមានសទ្ធា១ មានសេចក្តីខ្មាសបាប១ មានសេចក្តីខ្លាចបាប១ ប្រារព្ធព្យាយាមជាប់១
ID: 636793605363854433
ទៅកាន់ទំព័រ៖