ព្រះត្រៃបិដក ភាគ ០៦
[១២] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ចារិកតាមលំដាប់ ហើយក៏យាងចូលទៅក្រុងពារាណសី រួចហើយ ទ្រង់យាងទៅឯឥសិបតនមិគទាយវន សំដៅទៅរកកន្លែងដែលបញ្ចវគ្គិយភិក្ខុនៅ។ បញ្ចវគ្គិយភិក្ខុបានឃើញព្រះដ៏មានព្រះភាគយាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ធ្វើប្តេជ្ញាគ្នាថា ម្នាលអាវុសោ សមណគោតមនេះជាអ្នកប្រតិបត្តិដើម្បីល្មោភ ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់ដើម្បីភាវៈល្មោភ ឥឡូវនេះ លោកនិមន្តមក យើងទាំងអស់គ្នាមិនគួរថ្វាយបង្គំ មិនគួរក្រោកទទួលលោកទេ មិនគួរទទួលយកបាត្រ ចីវររបស់លោកឡើយ ប៉ុន្តែយើងត្រូវក្រាលអាសនៈបម្រុងទុក បើលោកនឹងចង់គង់ក៏គង់ចុះ។ ព្រះដ៏មានព្រះភាគយាងចូលទៅរកបញ្ចវគ្គិយភិក្ខុដោយប្រការណាៗ បញ្ចវគ្គិយភិក្ខុទាំងនោះ ក៏មិនអាចដើម្បីឋិតនៅក្នុងពាក្យប្តេជ្ញារបស់ខ្លួនដោយប្រការនោះៗបានឡើយ ក៏ស្រាប់តែក្រោកទទួល ព្រះដ៏មានព្រះភាគ ខ្លះទទួលយកបាត្រ ចីវររបស់ព្រះអង្គ ខ្លះក្រាលអាសនៈថ្វាយ ខ្លះដម្កល់ទឹកលាងព្រះបាទ យកតាំងសម្រាប់រងព្រះបាទ និងឈ្នាន់រងព្រះបាទមកថ្វាយ។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈដែលបញ្ចវគ្គិយភិក្ខុទាំងឡាយរៀបចំទុកហើយ។ លុះព្រះដ៏មានព្រះភាគគង់ហើយ ក៏ទ្រង់លាងព្រះបាទទាំងពីរ។
ID: 636793421137848902
ទៅកាន់ទំព័រ៖