ព្រះត្រៃបិដក ភាគ ០៦
ទាំងឡាយមកបំបួសមនុស្សដែលមានអាពាធទាំង៥យ៉ាង (ដូច្នេះ)សោះ។ គ្រានោះ ជីវកកោមារភត្យ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ រួចអង្គុយក្នុងទីដ៏សមគួរ លុះអង្គុយក្នុងទីដ៏សមគួរហើយ ជីវកកោមារភត្យក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមពរថា លោកម្ចាស់ទាំងឡាយកុំបំបួសមនុស្សដែលមានអាពាធទាំង៥យ៉ាងឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ជីវកកោមារភត្យឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ និងឲ្យរីករាយដោយធម្មីកថា។ ឯជីវកកោមារភត្យ ដែលព្រះដ៏មានបុណ្យ ទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ និងឲ្យរីករាយដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថាហើយ ទ្រង់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលមានអាពាធទាំង៥យ៉ាងហើយ អ្នកទាំងឡាយមិនគប្បីបំបួសឡើយ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។
ID: 636793610935843132
ទៅកាន់ទំព័រ៖