ព្រះត្រៃបិដក ភាគ ០៦
កុំនិយាយយ៉ាងហ្នឹង (ដ្បិត) ព្រះបាទពិម្ពិសារសេនិយ ជាធំក្នុងដែនមគធៈ ព្រះអង្គបានអនុញ្ញាតហើយថា ជនទាំងឡាយណា បួសក្នុងសំណាក់សមណៈ ជាសក្យបុត្រ ជនដទៃធ្វើទោសអ្វីមួយ ដល់ជនពួកនោះមិនបានឡើយ (ព្រោះថា) ធម៌ ព្រះដ៏មានបុណ្យ ទ្រង់សំដែងល្អហើយ ជនពួកនោះ ចូរខំប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាអ្នកបានព្រះរាជទានអភ័យ ពួកសមណៈទាំងនេះ ជនដទៃធ្វើទោសអ្វីៗមិនបានឡើយ ហេតុដូចម្តេចបានជាមកហ៊ានបំបួសចោរ ដែលទំលាយគុក(ដូច្នេះ)។ ភិក្ខុទាំងឡាយ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសចោរ ដែលទំលាយគុកទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។
[១០៥] សម័យនោះឯង មានបុរសម្នាក់ធ្វើចោរកម្ម ហើយរត់ទៅបួសក្នុងសំណាក់ភិក្ខុ។ បុរសនោះឯង រាជការបានឲ្យកត់ឈ្មោះទុកក្នុងបញ្ជីខាងក្នុងបុរីនៃស្តេចថា ចោរនេះ បើនរណាបានឃើញក្នុងទីណា ត្រូវតែសម្លាប់ក្នុងទីនោះ។ មនុស្សទាំងឡាយបានឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា លោកនេះឯងជាចោរ ដែលមានកត់ឈ្មោះទុកក្នុងបញ្ជី
ID: 636793612401016935
ទៅកាន់ទំព័រ៖