ព្រះត្រៃបិដក ភាគ ០៦

រាជការ​ ​ហ៎​ពួក​យើង​នាំគ្នា​សម្លាប់​វា​ទៅ​។​ ​ពួក​មនុស្ស​ខ្លះ​និយាយ​យ៉ាងនេះ​ថា​ ​នែ​នាយ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​កុំ​និយាយ​យ៉ាងហ្នឹង​ ​(​ដ្បិត​)​ ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ហើយ​ថា​ ​ជន​ទាំងឡាយ​ណាមួយ​ ​បួស​ក្នុង​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ ​ជន​ទាំងនោះ​ ​អ្នកណាមួយ​ធ្វើ​ទោស​អ្វី​ៗ​ ​មិនបាន​ឡើយ​ ​(​ព្រោះ​)​ ​ធម៌​ ​ព្រះ​ដ៏​មាន​បុញ្ញសិរី​ ​ទ្រង់​សំដែង​ដោយ​ល្អ​ហើយ​ ​ជន​ទាំងនោះ​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​ទុក្ខ​ដោយ​ប្រពៃ​ចុះ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ទាំងនេះ​ ​ជា​អ្នក​បាន​ទទួលព្រះរាជទាន​អភ័យ​ហើយ​ ​ពួក​សមណៈ​ទាំងនេះ​ ​អ្នកណាមួយ​ធ្វើ​ទោស​អ្វី​ៗ​ ​មិនបាន​ឡើយ​ ​មិនសមបើ​នឹង​បំបួស​ចោរ​ ​ដែល​រាជការ​កត់ឈ្មោះ​ទុក​ក្នុង​បញ្ជី​(​ដូច្នេះ​)​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គប្បី​បំបួស​ចោរ​ ​ដែល​រាជការ​កត់ឈ្មោះ​ទុក​ក្នុង​បញ្ជី​ទេ​(​១​)​ ​ភិក្ខុ​ណា​បំបួស​ ​ត្រូវអាបត្តិ​ទុក្កដ​។
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​មនុស្ស​ណា​ដែល​ធ្វើ​ចោរកម្ម​ ​ឬកម្ម​ផ្សេង​ពីនោះ​ ​ដែល​ជា​កម្ម​មាន​កំហុស​យ៉ាង​ធ្ងន់​នឹង​រាជការ​ ​ហើយ​លួច​រត់​ទៅ​ ​រាជការ​បាន​ចាត់សំបុត្រ​ឲ្យ​រក​ចាប់ខ្លួន​ថា​ ​បើ​នរណា​ឃើញ​មនុស្ស​ឈ្មោះ​នោះ​ក្នុង​ទីណា​ ​ត្រូវ​ចាប់​សម្លាប់ចោល​ក្នុង​ទីនោះ​ក្តី​ ​ត្រូវ​កាត់​អវយវៈ​ទាំងឡាយ​ ​មានដៃ​និង​ជើង​ជាដើម​ក្តី​ ​ត្រូវឲ្យ​ដាក់​អាជ្ញា​មាន​ប្រមាណ​ប៉ុ​ណ្ណេះ​ៗ​ក្តី​ ​មនុស្ស​នោះ​មិន​ត្រូវឲ្យ​បព្វជ្ជា​។​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636793612791519271
ទៅកាន់ទំព័រ៖