ព្រះត្រៃបិដក ភាគ ០៦

ទើប​បញ្ចវគ្គិយ​ភិក្ខុ​ហៅ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ចំ​ព្រះនាម​ផង​ ​ដោយ​ពាក្យ​ថា​ ​អាវុសោ​ផង​។​ ​កាល​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ពោល​ពាក្យ​ហៅ​យ៉ាងនេះ​ហើយ​ ​ព្រះភគវន្តមុនី​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​យ៉ាងនេះ​នឹង​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងអស់គ្នា​កុំ​ហៅ​តថាគត​ដោយ​ចំ​ឈ្មោះ​ ​និង​ពាក្យ​ថា​អាវុសោ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រុង​សោតប្បសាទ​ចុះ​ ​ឥឡូវ​ ​តថាគត​នឹង​ប្រៀនប្រដៅ​នូវ​អមត​ធម៌​ដែល​តថាគត​ត្រាស់​ដឹង​ហើយ​ ​ឥឡូវ​តថាគត​នឹង​សំដែងធម៌​ ​ក៏​កុលបុត្រ​ទាំងឡាយ​ដែល​ចេញ​ចាក​ផ្ទះ​ហើយ​បួស​ ​ក្នុង​ភាព​នៃ​បុគ្គល​គ្មាន​ការងារ​ជា​ប្រយោជន៍​ដល់​ផ្ទះ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​អ្នក​ទាំងឡាយ​កាលបើ​បាន​ប្រតិបត្តិ​គួរ​តាម​ពាក្យ​ប្រដៅ​របស់​តថាគត​ហើយ​ ​ពុំ​យូរ​ឡើយ​ ​មុខ​ជា​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​បញ្ញា​ខ្លួនឯង​ក្នុង​បច្ចុប្បន្ន​នេះ​ ​ចំពោះ​អនុត្តរធម៌​(​១​)​ ​នោះ​ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចរិយៈ​ ​និង​សម្រេចសម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ​ ​បញ្ចវគ្គិយ​ភិក្ខុ​ ​ក៏​ពោល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​មាន​អាយុ​ ​ព្រះអង្គ​មិនទាន់​បាន​ត្រាស់​ដឹង​នូវ​ឧត្តរិមនុស្ស​ធម្ម​ ​ជា​ធម៌​
​(​១​)​ ​អនុត្តរធម៌​ ​គឺ​ព្រះ​អរហត្តផល​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636793421557811640
ទៅកាន់ទំព័រ៖