ព្រះត្រៃបិដក ភាគ ០៦

ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​ទុក្ខ​ដោយ​ប្រពៃ​ចុះ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ទាំងនេះ​ ​ជា​បុគ្គល​បាន​ព្រះរាជ​អភ័យ​ ​សមណៈ​ទាំងនេះ​ ​អ្នកណាមួយ​ធ្វើ​ទោស​អ្វី​ៗ​ ​មិនបាន​ឡើយ​ ​មិនសមបើ​នឹង​បំបួស​មនុស្ស​ដែល​ជា​ខ្ញុំគេ​ ​(​ដូច្នេះ​)​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បំបួស​មនុស្ស​ដែល​ជា​ខ្ញុំគេ​ទេ​ ​ភិក្ខុ​ណា​បំបួស​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១១០​]​ ​សម័យ​នោះ​ឯង​ ​មាន​ទារក​ម្នាក់​ ​ទុកជុក​ ​ជា​កូនជាង​មាស​(​១​)​ ​ឈ្លោះប្រកែក​នឹង​មាតាបិតា​ហើយ​ ​ទៅកាន់​អារាម​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​។​ ​ឯ​មាតា​និង​បិតា​របស់​ទារក​នោះ​ ​កាលដែល​គន់​រកមើល​ទារក​នោះ​ ​ក៏បាន​ទៅដល់​អារាម​ ​ហើយ​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ពួក​លោក​បាន​ប្រទះឃើញ​ទារក​មាន​សភាព​យ៉ាងនេះ​ដែរ​ឬ​។​ ​ពួក​ភិក្ខុ​ដែល​មិនដឹង​មែន​ ​ក៏​ប្រាប់​ថា​ ​យើង​ទាំងឡាយ​មិនដឹង​ទេ​ ​ពួក​ភិក្ខុ​ដែល​មិនឃើញ​មែន​ ​ក៏​ប្រាប់​ថា​ ​យើង​ទាំងឡាយ​មិនឃើញ​ទេ​។​ ​ឯ​មាតា​និង​បិតា​របស់​ទារក​នោះ​ ​កាលបើ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ទារក​នោះ​ជា​កូនជាង​មាស​ ​កោរ​ក្បាល​ខាង​ៗ​ជុំវិញ​ ​តែ​ទុកជុក​ ​៥អន្លើ​នៅ​លើ​ក្បាល​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636793753338038072
ទៅកាន់ទំព័រ៖