ព្រះត្រៃបិដក ភាគ ០៦

ត្រាច់​គយគន់​មើលទៅ​ ​ក៏​ឃើញ​ទារក​នោះ​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ទាំងនេះ​ ​ជា​បុគ្គល​ឥតមាន​ខ្មាស​ ​ទ្រុស្តសីល​ ​និយាយ​ពាក្យ​កុហក​ ​បានដឹង​ដែរ​ ​តែ​និយាយ​ថា​មិនដឹង​ ​បានឃើញ​ដែរ​ ​តែ​និយាយ​ថា​មិនឃើញ​ ​ទារក​នេះ​ ​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ហើយ​តើ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​សំដី​នៃ​មាតា​និង​បិតា​របស់​ទារក​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​អបលោក​ ​(​ប្រាប់​)​ ​សង្ឃ​ហើយ​សឹម​ធ្វើ​ភណ្ឌុកម្ម​(​១​)​។​
​(​១​)​អដ្ឋកថា​ ​ថា​ ​វិធី​ប្រាប់​ភណ្ឌ​កម្ម​នោះ​ ​ត្រូវ​ប្រជុំ​ភិក្ខុ​ដែល​មាន​ក្នុង​សីមា​ ​នាំ​បព្វជ្ជា​បេក្ខៈ​ទៅ​ក្នុង​ទីនោះ​ ​ហើយ​ប្រាប់​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​សូម​ប្រាប់​ភណ្ឌុកម្ម​របស់​ទារក​នេះ​ចំពោះ​សង្ឃ​ ​បីដង​ ​ពីរ​ដង​ ​ឬ​ម្តង​ក៏បាន​។​ ​បើ​ទី​ជាស​ភាគ​មាន​ភិក្ខុ១០​-​២០​-​៣០រូប​ ​ឱកាស​ជាទី​ឈរ​ ​ឬ​អង្គុយ​របស់​ភិក្ខុ​ទាំងនោះ​ត្រឹមណា​ ​ត្រូវ​ប្រាប់​ត្រឹមណោះ​។​ ​បើ​វត្ត​នោះ​ធំ​ ​មាន​ភិក្ខុ​ច្រើនជាង​ពាន់​ ​លំបាក​នឹង​ប្រជុំ​ភិក្ខុ​ឲ្យ​សព្វគ្រប់​ ​ត្រូវ​នាំទៅ​កាន់​ ​ខណ្ឌ​-​នទី​-​ឬ​សមុទ្ទ​សីមា​ ​ហើយ​ឲ្យបព្វជ្ជា​ចុះ​។​ ​បព្វជ្ជា​បេក្ខៈ​ដែល​កោរសក់​ស្រេចហើយ​ ​មិនបាន​ប្រាប់​ភណ្ឌុកម្ម​នឹង​ឲ្យបព្វជ្ជា​តែម្តង​ក៏​គួរ​។​ ​បព្វជ្ជា​បេក្ខៈ​ដែល​សក់​វែង​ជាង​ពីរ​អង្គុលី​ ​ត្រូវតែ​ប្រាប់​សិន​ទើប​ឲ្យ​បព្វ​ជ្ចា​បាន​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636793753790623958
ទៅកាន់ទំព័រ៖