ព្រះត្រៃបិដក ភាគ ០៦
សេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវសិក្ខាបទទាំងឡាយ១០ ដល់សាមណេរទាំងឡាយ ម្យ៉ាងទៀត អនុញ្ញាតឲ្យសាមណេរទាំងឡាយសិក្សាក្នុងសិក្ខាបទទាំងឡាយ១០នោះគឺ ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង១ ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ១ ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ១ ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក១ ចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ១ ចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស១ ចេតនាជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌១ ចេតនាជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់ និងតាក់តែងស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ១ ចេតនាជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ១ ចេតនាជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាសនិងប្រាក់១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវសិក្ខាបទទាំង១០នេះ ដល់សាមណេរទាំងឡាយ ម្យ៉ាងទៀត អនុញ្ញាតឲ្យពួកសាមណេរសិក្សាក្នុងសិក្ខាបទទាំងឡាយ១០នេះ។
ID: 636793761002626461
ទៅកាន់ទំព័រ៖