ព្រះត្រៃបិដក ភាគ ០៦
ម្នាលអាវុសោ យើងទាំងឡាយឆាន់មិនបានទេ (ព្រោះ) ភិក្ខុទាំងឡាយ លោកធ្វើអាវរណកម្មហើយ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ មិនសមបើធ្វើអាវរណកម្ម ហាមប្រាមចំពោះអាហារដែលបរិភោគតាមមុខទ្វារ ដល់សាមណេរ (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើនូវអាវរណកម្ម ហាមប្រាមចំពោះអាហារដែលបរិភោគតាមមុខទ្វារឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
ចប់ រឿងទណ្ឌកម្ម។
[១២២] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនបានប្រាប់ភិក្ខុទាំងឡាយជាឧបជ្ឈាយ៍ ក៏ធ្វើអាវរណកម្មដល់សាមណេរទាំងឡាយ។ ឧបជ្ឈាយ៍ទាំងឡាយស្វែងរក ដោយគិតថា ពួកសាមណេររបស់យើងទាំងឡាយម្តេចក៏មិនឃើញដូច្នេះ។ ភិក្ខុទាំងឡាយនិយាយប្រាប់យ៉ាងនេះថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុធ្វើអាវរណកម្មហើយ។ ឧបជ្ឈាយ៍ទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើមិនប្រាប់យើង ហើយធ្វើអាវរណកម្ម ដល់ពួកសាមណេររបស់យើង (ដូច្នេះ)សោះ។
ID: 636793762002843670
ទៅកាន់ទំព័រ៖