ព្រះត្រៃបិដក ភាគ ០៦
មិនសមបើសាមណេរមកប្រព្រឹត្តអនាចារ មានសភាពដូច្នេះសោះ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុញុំាងសាមណេរ ដែលប្រកបដោយអង្គទាំងឡាយ១០ ឲ្យវិនាស គឺសាមណេរធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង (គឺសម្លាប់សត្វ)១ សាមណេរកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយកាយឬវាចា)១ សាមណេរប្រព្រឹត្តនូវធម៌មិនប្រសើរ (គឺសេពមេថុនធម្ម)១ សាមណេរពោលពាក្យកុហក១ សាមណេរផឹកទឹកស្រវឹង (គឺសុរានិងមេរ័យ)១ សាមណេរពោលតិះដៀលព្រះពុទ្ធ១ សាមណេរពោលតិះដៀលព្រះធម៌១ សាមណេរពោលតិះដៀលព្រះសង្ឃ១សាមណេរមានទិដ្ឋិខុស១ សាមណេរប្រទូស្តភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុញុំាងសាមណេរ ដែលប្រកបដោយអង្គទាំងឡាយ១០នេះ ឲ្យវិនាស។
[១២៥] សម័យនោះឯង មានមនុស្សខ្ទើយម្នាក់បួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ មនុស្សខ្ទើយនោះ ចូលទៅរកពួកភិក្ខុជាកំឡោះៗ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ ចូរមកប្រទូស្ត (សេពមេថុន) នឹងខ្ញុំចុះ។ ភិក្ខុទាំងឡាយក៏បណ្តេញដោយពាក្យថា នែអ្នកខ្ទើយ
ID: 636793762840021554
ទៅកាន់ទំព័រ៖