ព្រះត្រៃបិដក ភាគ ០៦
ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ខ ក្នុងលំនៅរបស់ខ្លួននោះឯងចុះ កាលបើធ្វើដូច្នេះហើយ អ្នកឯងមុខជានឹងល្ពោះចាកកំណើតនាគផង មុខជានឹងត្រឡប់បាននូវអត្តភាពជាមនុស្សយ៉ាងឆាប់រហ័សផង។ នាគនោះក៏គិតថា បានឮថា អញជាសត្វមានធម៌មិនលូតលាស់ឡើងក្នុងធម៌វិន័យនេះទេ រួចក៏មានទុក្ខតូចចិត្ត យំសម្រក់ទឹកភ្នែក ធ្វើនូវសំឡេងដ៏ប្លែក ហើយចៀសចេញទៅ។ ដំណពីនោះមក ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បច្ច័យដែលនាំឲ្យនាគប្រែត្រឡប់ខ្លួនមកតាមប្រក្រតីវិញនេះ
(១) មានពីរយ៉ាង គឺក្នុងកាលដែលនាគសេពមេថុនធម្មដោយនាងនាគមានជាតិស្មើគ្នា១ ក្នុងកាលដែលនាគដេកលក់ស្និទ្ធ១ ម្នាលភិក្ខុទាំងឡាយ បច្ច័យទាំងពីរនេះឯង ជាហេតុដែលនាំឲ្យនាគប្រែត្រឡប់ខ្លួនមកតាមប្រក្រតីវិញ។ ម្នាលភិក្ខុទាំងឡាយ សត្វតិរច្ឆានជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។
[១២៨] សម័យនោះឯង មាណពម្នាក់ផ្តាច់ជីវិតមាតា។ មាណពនោះកើតទុក្ខ អៀនអន់ ខ្ពើមរអើមនឹងកម្មដ៏លាមកនោះ។ គ្រាតមក មាណពនោះក៏មានគំនិតយ៉ាងនេះថា អញនឹងជីករំលើងបាបកម្មនេះចោល
(១) គឺនាគដែលនិម្មិតខ្លួនជាមាណពហើយ អាចត្រឡប់ក្លាយខ្លួនមកជានាគវិញដោយហេតុពីរយ៉ាងនោះ។
ID: 636793764531738315
ទៅកាន់ទំព័រ៖