ព្រះត្រៃបិដក ភាគ ០៦
ចេញ ដោយឧបាយដូចម្តេចហ្ន៎។ លំដាប់ពីនោះមកទៀត មាណពនោះ ត្រិះរិះដូច្នេះថា សមណៈ ជាសក្យបុត្រទាំងឡាយនេះ លោកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយពាក្យទៀងត្រង់ មានសីល មានកល្យាណធម៌ បើសិនជាអញបានបួសក្នុងសំណាក់ពួកសមណៈសក្យបុត្រ អញមុខជានឹងជីករំលើងកម្មដ៏លាមកនេះបាន ដោយទំនងយ៉ាងនេះឯងមិនលែងឡើយ។ មាណពនោះ ក៏ចូលទៅរកភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជាក្នុងគ្រានោះឯង។ ភិក្ខុទាំងឡាយនិយាយពាក្យនេះនឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ ក្នុងកាលមុនមាននាគមកបួសក្នុងសំណាក់ពួកភិក្ខុ ដោយភេទជាមាណពម្តងទៅហើយ ម្នាលអាវុសោឧបាលិ យើងសូមរំលឹកលោក សូមឲ្យលោកជម្រះសួរមាណពនេះទៀត។ ឯមាណពនោះ កាលបើត្រូវព្រះឧបាលិដ៏មានអាយុជម្រះសួរទៅហើយ ក៏ប្រាប់រឿងរ៉ាវនុ៎ះតាមត្រង់។ ព្រះឧបាលិដ៏មានអាយុ ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់មាតា ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ ត្រូវឲ្យវិនាសចេញ។
ID: 636793764783982742
ទៅកាន់ទំព័រ៖