ព្រះត្រៃបិដក ភាគ ០៦

ការ​ចិញ្ចឹមជីវិត​ត្រូវ១​ ​សេចក្តី​ព្យាយាម​ត្រូវ១​ ​ស្មារតី​ត្រូវ១​ ​ការ​តម្កល់ចិត្ត​ត្រូវ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មជ្ឈិមា​បដិបទា​នេះឯង​ដែល​តថាគត​ត្រាស់​ដឹង​ហើយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​តែង​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​រម្ងាប់​កិលេស​ ​ដើម្បី​ស្គាល់​នូវ​អរិយសច្ច​ ​ដើម្បី​ត្រាស់​ដឹង​នូវ​អរិយសច្ច​ ​ដើម្បី​និព្វាន​។​
 ​[​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​សេចក្តី​ទុក្ខ​នេះឯង​ហៅថា​ ​អរិយសច្ច​ ​គឺ​ ​កំណើត​ ​(​ទាំង៤​ ​មាន​ជលាពុជ​ជាដើម​)​ ​ជា​កង​ទុក្ខ១​ ​សេចក្តី​ចាស់​គ្រាំគ្រា​ជា​កង​ទុក្ខ១​ ​ពួក​ជម្ងឺ​ដំ​កាត់​ជា​កង​ទុក្ខ១​ ​សេចក្តី​ស្លាប់​ជា​កង​ទុក្ខ១​ ​ដំណើរ​ប្រសប់​ចូល​ដោយ​សត្វ​ ​និង​សង្ខារ​មិនជា​ទីស្រឡាញ់​ទាំងឡាយ​ ​ជា​កង​ទុក្ខ១​ ​សេចក្តី​ព្រា​ត់​បា្រស​ចាក​សត្វ​និង​សង្ខារ​ជាទីស្រឡាញ់​ទាំងឡាយ​ ​ជា​កង​ទុក្ខ១​ ​បុគ្គល​ប្រាថ្នា​វត្ថុ​ណា​ ​មិនបាន​វត្ថុ​នោះ​ ​(​ដូច​បំណង​)​ ​ជា​កង​ទុក្ខ១​ ​បើ​ពោល​ដោយសង្ខេប​ ​ឧបាទាន​ខន្ធ​ទាំង៥​ ​(​មាន​រូប​ខន្ធ​ជាដើម​)​ ​ជា​កង​ទុក្ខ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ជា​ដែន​កើត​នៃ​កង​ទុក្ខ​នេះឯង​ ​ហៅថា​ ​អរិយសច្ច​ ​គឺ​តណ្ហា​(​១​)​ ​នេះឯង​ ​ជា​ធម្មជាតិ​នាំ​សត្វ​ឲ្យ​កើត​ទៀត​ ​ប្រកបដោយ​សេចក្តី​រីករាយ​ ​និង​សេចក្តី​ត្រេកត្រអាល​ ​ជា​ធម្មជាតិ​នាំ​សត្វ​ឲ្យ​ត្រេកត្រអាល​នៅក្នុង​ភព​នោះ​ៗ​ ​(​ឬ​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ​)​
​(​១​)​ ​តណ្ហា​ ​ប្រែថា​ ​ចំណង់​ ​សេចក្តី​ប្រាថ្នា​ ​សេចក្តី​អន្ទះអន្ទែង​ ​សេចក្តី​ច្រួល​ច្រាល់​ ​សម្រេក​។​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636793423542361129
ទៅកាន់ទំព័រ៖