ព្រះត្រៃបិដក ភាគ ០៦
[១៣៦] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យនិស្ស័យដល់អលជ្ជីភិក្ខុទំាងឡាយ (ភិក្ខុដែលឥតខ្មាសបាប)។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនិស្ស័យដល់អលជ្ជីភិក្ខុទាំងឡាយទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។ សម័យនោះ ភិក្ខុទាំងឡាយនៅអាស្រ័យ (កាន់យកនិស្ស័យ) នឹងអលជ្ជីភិក្ខុទាំងឡាយ។ មិនយូរប៉ុន្មាន ភិក្ខុទាំងឡាយនោះក៏ទៅជាភិក្ខុអលជ្ជី ជាភិក្ខុលាមកដែរ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនៅអាស្រ័យនឹងអលជ្ជីភិក្ខុទាំងឡាយទេ ភិក្ខុណានៅ ត្រូវអាបត្តិទុក្កដ។ លំដាប់នោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយថា ភិក្ខុមិនត្រូវឲ្យនិស្ស័យដល់ពួកភិក្ខុអលជ្ជី មិនត្រូវនៅអាស្រ័យនឹងពួកភិក្ខុជាអលជ្ជីដូច្នេះ យើងទាំងឡាយគប្បីស្គាល់ភិក្ខុជាលជ្ជី ឬជាអលជ្ជីដូចម្តេចបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបង្អង់ចាំ ដោយគិតថា អញនឹងដឹង (ភិក្ខុនេះ) ជាសភាគភិក្ខុ (ភិក្ខុមានធម៌ល្អត្រូវគ្នា) អស់៤ថ្ងៃ ឬ៥ថ្ងៃសិនបាន។
ID: 636793768628422632
ទៅកាន់ទំព័រ៖