ព្រះត្រៃបិដក ភាគ ០៦
[១៣៧] ក៏សម័យនោះឯង ភិក្ខុមួយរូបដើរផ្លូវឆ្ងាយក្នុងជនបទ នាដែនកោសល។ ភិក្ខុនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវនៅដោយគ្មាននិស្ស័យទេ ឯអាត្មាអញសោត មានកិច្ចដោយនិស្ស័យ (ត្រូវកាន់យកនិស្ស័យ) ហើយជាមនុស្សដើរផ្លូវឆ្ងាយ អញត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកដើរផ្លូវឆ្ងាយ ដែលមិនទាន់បាននិស្ស័យ ឲ្យនៅដោយគ្មាននិស្ស័យបាន។
[១៣៨] សម័យនោះឯង ភិក្ខុពីររូបដើរទៅកាន់ផ្លូវឆ្ងាយក្នុងជនបទ នាដែនកោសល។ ភិក្ខុទាំងឡាយនោះដើរចូលទៅកាន់អាវាស១។ បណ្តាភិក្ខុទាំងនោះ ភិក្ខុ១អង្គឈឺ។ ទើបភិក្ខុឈឺនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវនៅដោយគ្មាននិស្ស័យទេ ក៏អាត្មាអញ មានកិច្ចដោយនិស្ស័យ ហើយមានជម្ងឺផង អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឈឺ ដែលមិនទាន់បាននិស្ស័យ ឲ្យនៅដោយគ្មាននិស្ស័យ
ID: 636793768949631004
ទៅកាន់ទំព័រ៖