ព្រះត្រៃបិដក ភាគ ០៦
អ្នកឯង មាតាបិតាបានអនុញ្ញាតហើយឬ អ្នកឯងមានឆ្នាំពេញ២០ហើយឬ អ្នកឯងមានបាត្រចីវរគ្រប់គ្រាន់ហើយឬ អ្នកឯងឈ្មោះអ្វី ឧបជ្ឈាយ៍អ្នកឯងឈ្មោះអ្វី។ សម័យនោះ ភិក្ខុទាំងឡាយសួរអន្តរាយិកធម៌ទាំងឡាយ នឹងពួកឧបសម្បទាបេក្ខៈ ដែលខ្លួនមិនទាន់បានប្រៀនប្រដៅ។ ឧបសម្បទាបេក្ខៈទាំងឡាយក៏រឹងខ្លួន អៀនអន់មិនអាចឆ្លើយបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រៀនប្រដៅ (បង្ហាត់) ជាមុនហើយ សឹមសួរអន្តរាយិកធម៌ទាំងឡាយជាខាងក្រោយ។ ភិក្ខុទាំងឡាយប្រៀនប្រដៅក្នុងកណ្តាលសង្ឃនោះឯង។ ឧបសម្បទាបេក្ខៈទាំងឡាយក៏នៅរឹងខ្លួនអៀនអន់យ៉ាងនោះដដែល មិនអាចនឹងឆ្លើយបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រៀនប្រដៅក្នុងទីដ៏សមគួរហើយ សឹមសួរអន្តរាយិកធម៌ទាំងឡាយក្នុងកណ្តាលសង្ឃ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯឧបសម្បទាបេក្ខៈនោះ ភិក្ខុត្រូវប្រៀនប្រដៅយ៉ាងនេះ។ ភិក្ខុត្រូវឲ្យឧបសម្បទាបេក្ខៈនោះកាន់យកឧបជ្ឈាយ៍ជាមុន។ លុះភិក្ខុឲ្យឧបសម្បទាបេក្ខៈ កាន់យកឧបជ្ឈាយ៍ហើយ ត្រូវប្រាប់បាត្រនិងចីវរ
ID: 636793771225351168
ទៅកាន់ទំព័រ៖