ព្រះត្រៃបិដក ភាគ ០៦
ដែលឈ្មោះថា អាបត្តិដែលមាន គឺភិក្ខុត្រូវអាបត្តិណាក្តី ត្រូវហើយមិនចេញចាកអាបត្តិក្តី។ ពាក្យថា ត្រូវប្រាប់ គឺភិក្ខុត្រូវប្រាប់អាបត្តិក្នុងកណ្តាលសង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលម្នាក់ក្តី។ ពាក្យថា ព្រោះអាបត្តិដែលភិក្ខុប្រាប់ហើយជាការស្រួល គឺជាការស្រួលដើម្បីអ្វី។ ជាការស្រួលដើម្បីបានបឋមជ្ឈាន ជាការស្រួលដើម្បីបានទុតិយជ្ឈាន ជាការស្រួលដើម្បីបានតតិយជ្ឈាន ជាការស្រួលដើម្បីបានចតុត្ថជ្ឈាន ជាការស្រួលដើម្បីបានកុសលធម៌ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់ចេញចាកភព សេចក្តីស្ងប់ស្ងាត់។
[១៥១] ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យសំដែងនូវបាតិមោក្ខហើយ ក៏សំដែងនូវបាតិមោក្ខរាល់ថ្ងៃ។ ភិក្ខុទាំងឡាយខ្លះក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខរាល់ថ្ងៃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខតែក្នុងថ្ងៃឧបោសថ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យសំដែង
ID: 636793784210113853
ទៅកាន់ទំព័រ៖