ព្រះត្រៃបិដក ភាគ ០៦
ហើយ គួរសង្ឃដករោងឧបោសថឈ្មោះនេះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឥឡូវសង្ឃដករោងឧបោសថឈ្មោះនេះ។ ការដករោងឧបោសថឈ្មោះនេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគួរស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះគួរនិយាយឡើង។ រោងឧបោសថឈ្មោះនេះ សង្ឃបានដកហើយ។ ការដករោងឧបោសថនេះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[១៥៩] ក៏សម័យនោះឯង សង្ឃសន្មតរោងឧបោសថតូចពេក ក្នុងអាវាសមួយ។ ឧបោសថក្នុងថ្ងៃនោះ មានភិក្ខុសង្ឃច្រើនប្រជុំគ្នា។ ភិក្ខុទាំងឡាយអង្គុយលើទីដែលសង្ឃមិនបានសន្មត ហើយស្តាប់បាតិមោក្ខ។ ទើបភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុត្រូវសន្មតរោងឧបោសថ ហើយសឹមធ្វើឧបោសថ ក៏យើងទាំងឡាយអង្គុយលើទីដែលសង្ឃមិនបានសន្មត ហើយស្តាប់បាតិមោក្ខ ឧបោសថ ឈ្មោះថា យើងបានធ្វើ ឬមិនបានធ្វើទេ។ ភិក្ខុទាំងឡាយ
ID: 636793795357171429
ទៅកាន់ទំព័រ៖