ព្រះត្រៃបិដក ភាគ ០៦
ទេវតានៅក្នុងស្ថានតាវត្តឹង្សទាំងឡាយ ឮសម្លេងរបស់ចាតុម្មហារាជិកៈទេវតាទាំងឡាយហើយ ក៏បន្លឺនូវសំឡេង (ថាដូចគ្នា)។បេ។ ទេវតានៅក្នុងស្ថានយាមាទាំងឡាយ ទេវតានៅក្នុងស្ថានតុសិតទាំងឡាយ... ទេវតានៅក្នុងស្ថាននិម្មានរតីទាំងឡាយ... ទេវតានៅក្នុងស្ថានបរនិម្មិតវសវតីទាំងឡាយ... ទេវតាដែលរាប់ក្នុងពពួកនៃព្រហ្មទាំងឡាយ ក៏បន្លឺនូវសូរសព្ទថា ព្រះធម្មចក្កហ្នឹង មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនឯណានីមួយក្តីក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ សំឡេង(កងរំពង) ក៏លាន់ឮឡើងទៅដរាបដល់ព្រហ្មលោកក្នុងខណៈនោះ ក្នុងមួយរំពេចនោះ ដោយប្រការដូច្នេះ។ រីឯលោកធាតុទាំងមួយហ្មឺននេះ ក៏កក្រើករំពើកញាប់ញ័រ។ ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លងលើសអានុភាពរបស់ទេវតាទាំងឡាយ ក៏កើតប្រាដកឡើងក្នុងលោក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញៈបានត្រាស់ដឹងពិតហើយ អើហ្ន៎ កោណ្ឌញ្ញៈបានត្រាស់ដឹងពិតហើយ។ ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញនេះឯង ក៏បានជាប់ជានាមរបស់ព្រះកោណ្ឌញ្ញៈភិក្ខុដ៏មានអាយុ។
ID: 636793425946843355
ទៅកាន់ទំព័រ៖