ព្រះត្រៃបិដក ភាគ ០៦
ក៏សំដែងនូវបាតិមោក្ខដោយសង្ខេប។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កាលបើគ្មានសេចក្តីអន្តរាយ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដោយសង្ខេបទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខដោយសង្ខេបបាន ក្នុងពេលដែលមានសេចក្តីអន្តរាយ។ ឯអន្តរាយក្នុងពេលដែលសំដែងបាតិមោក្ខនោះ (មាន១០យ៉ាងគឺ) អន្តរាយអំពីស្តេច (គឺមានស្តេចយាងចូលមក) អន្តរាយអំពីចោរ (គឺមានចោរចូលមកលុកលុយ) អន្តរាយអំពីភ្លើង (គឺមានភ្លើងព្រៃឆេះរាលមក ឬភ្លើងអន្ទះកើតឡើង) អន្តរាយអំពីទឹក (គឺមានភ្លៀងខ្លាំង ឬជំនន់ហូរមក) អន្តរាយអំពីមនុស្ស (គឺមានមនុស្សច្រើនចូលមក) អន្តរាយអំពីអមនុស្ស (គឺខ្មោចចូលភិក្ខុ) អន្តរាយអំពីសត្វសាហាវ អំពីសត្វទីឃជាតិ (ពួកសត្វលូនវារ) អន្តរាយដល់ជីវិត (គឺមានភិក្ខុកើតជម្ងឺស្លាប់ ឬមានមនុស្សមានពៀរប៉ងសម្លាប់ភិក្ខុ) អន្តរាយដល់ព្រហ្មចារ្យ (គឺមានមនុស្សមកចាប់ភិក្ខុផ្សិក)។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីអន្តរាយទាំងឡាយបែបយ៉ាងនេះ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខដោយសង្ខេបបាន កាលបើមិនមានសេចក្តីអន្តរាយទេ ឲ្យភិក្ខុសំដែងដោយពិស្តារ។
ID: 636793800615692199
ទៅកាន់ទំព័រ៖