ព្រះត្រៃបិដក ភាគ ០៦
[១៦៨] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនមានគេអារាធនា ក៏សំដែងធម៌ក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគេមិនអារាធនា មិនត្រូវសំដែងធម៌ក្នុងកណ្តាលសង្ឃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈសំដែងធម៌ខ្លួនឯង ឬអារាធនាភិក្ខុដទៃបាន។
[១៦៩] ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ មិនទាន់បានការសន្មតិ ក៏សួរវិន័យ ក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគ្មានកាសន្មតិ មិនត្រូវសួរវិន័យ ក្នុងកណ្តាលសង្ឃទេ ភិក្ខុណាសួរ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានការសន្មតិ សួរវិន័យ ក្នុងកណ្តាលសង្ឃបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ ត្រូវសន្មតខ្លួន ដោយខ្លួនឯងក៏បាន ត្រូវភិក្ខុដទៃសន្មតភិក្ខុដទៃក៏បាន។ ក៏ឯសន្មតខ្លួន ដោយខ្លួនឯងនោះ ដូចម្តេច។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំសូមសួរវិន័យនឹងភិក្ខុឈ្មោះនេះ។ ភិក្ខុត្រូវសន្មតខ្លួនដោយខ្លួនឯងយ៉ាងនេះ។
ID: 636793800946911143
ទៅកាន់ទំព័រ៖