ព្រះត្រៃបិដក ភាគ ០៦
[១៨] គ្រានោះ ព្រះអញ្ញាកោណ្ឌញ្ញៈដ៏មានអាយុបានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់បុគ្គលដទៃក្នុងសាសនានៃព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គគួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅថា អ្នកចូរមកជាភិក្ខុចុះ ហើយមានព្រះពុទ្ធដីកាថា សាសនធម៌ តថាគតពោលល្អហើយ អ្នកចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីនឹងធ្វើនូវនិព្វាន ជាទីបំផុតនៃកងទុក្ខដោយប្រពៃចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់អញ្ញាកោណ្ឌញ្ញៈដ៏មានអាយុនោះ។
[១៩] លំដាប់តទៅ ព្រះដ៏មានព្រះភាគ ទ្រង់ពោលទូន្មានប្រៀនប្រដៅភិក្ខុដ៏សេស ក្រៅពីអញ្ញាកោណ្ឌញ្ញភិក្ខុនោះដោយធម្មីកថា។ លំដាប់នោះ ព្រះដ៏មានព្រះភាគកំពុងពោលទូន្មានប្រៀនប្រដៅដោយធម្មីកថា ធម្មចក្ខុដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់វប្បភិក្ខុដ៏មានអាយុផង ដល់ភទ្ទិយភិក្ខុដ៏មានអាយុផងថា ធម្មជាតណាមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះក៏រលត់ទៅវិញជាធម្មតា។
ID: 636793426299725976
ទៅកាន់ទំព័រ៖