ព្រះត្រៃបិដក ភាគ ០៦
ក៏ឯភិក្ខុដទៃ ត្រូវសន្មតភិក្ខុដទៃដូចម្តេច។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុឈ្មោះនេះ គួរសួរវិន័យនឹងភិក្ខុឈ្មោះនេះ។ ត្រូវភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ មានការសន្មតិហើយ ក៏សួរវិន័យក្នុងកណ្តាលសង្ឃ។ ពួកឆព្វគ្គិយភិក្ខុបានសេចក្តីគំនុំ បានសេចក្តីមិនពេញចិត្ត ក៏គម្រាមដោយប្រុងនឹងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលទុកជាមានការសន្មតិហើយមែន ត្រូវតែរមិលមើលបរិសទ្យ ពិចារណាបុគ្គលហើយសិន សិមសួរវិន័យក្នុងកណ្តាលសង្ឃ។ ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ គ្មានការសន្មតិក៏ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគ្មានការសន្មតិ មិនត្រូវដោះស្រាយវិន័យក្នុងកណ្តាលសង្ឃទេ ភិក្ខុណាដោះស្រាយ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានការសន្មតិហើយ ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ ត្រូវខ្លួនឯង
ID: 636793801209806180
ទៅកាន់ទំព័រ៖