ព្រះត្រៃបិដក ភាគ ០៦
[១៧០] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ចោទអាបត្តិចំពោះភិក្ខុដែលខ្លួនមិនទាន់បានសូមឱកាស (ជាមុន)។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចោទអាបត្តិចំពោះភិក្ខុ ដែលខ្លួនមិនបានសូមឱកាស (ជាមុន)ទេ ភិក្ខុណាចោទ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូមឱកាសថា សូមលោកដ៏មានអាយុបើកឱកាស(ឲ្យខ្ញុំ) ខ្ញុំចង់និយាយនឹងលោក ដូច្នេះហើយសិន សិមចោទអាបត្តិ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ ឲ្យពួកឆព្វគ្គិយភិក្ខុបើកឱកាស ហើយចោទអាបត្តិ។ ពួកឆព្វគ្គិយភិក្ខុបានសេចក្តីគំនុំ បានសេចក្តីមិនត្រេកអរ ក៏គម្រាមដោយប្រាថ្នានឹងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដទៃបើកឱកាសឲ្យហើយមែន តថាគតអនុញ្ញាតឲ្យពិនិត្យមើលបុគ្គលហើយសិន សិមចោទអាបត្តិ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ គង់តែឲ្យយើងបើកឱកាសជាមុន (មិនខាន) ហើយក៏ឲ្យភិក្ខុទាំងឡាយ ដែលបរិសុទ្ធ មិនមានអាបត្តិ បើកឱកាសជាមុន ក្នុងការមិនមែនជារឿង
ID: 636793801787939248
ទៅកាន់ទំព័រ៖